សិក្ខាសាលាស្តីពី «វត្តមានតតិយជនក្នុងសំណុំរឿងអនុវត្តរក្សាការពារ»
សិក្ខាសាលាស្តីពី «វត្តមានតតិយជនក្នុងសំណុំរឿងអនុវត្តរក្សាការពារ»
នារសៀល ថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្តីពី «វត្តមានតតិយជនក្នុងសំណុំរឿងអនុវត្តរក្សាការពារ» ដែលសហការរៀបចំរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពូជា និងវិភាគទានច្បាប់ ដោយមានវាគ្មិនកិត្តិយសគឺ លោកមេធាវី អុីវ ប៉ូលី និងលោកស្រីមេធាវី ទេព បូផល និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់សរុបចំនួន ៣១៨នាក់។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបង្ហាញឱ្យសិក្ខាកាមបានស្វែងយល់អំពីយន្តការផ្លូវច្បាប់ដែលត្រូវអនុវត្តនៅពេលដែលមានវត្តមានរបស់តតិយជននៅពេលអនុវត្តរក្សាការពារ ថាតើវត្តមានរបស់តតិយជនក្នុងសំណុំរឿងអនុវត្តរក្សាការពារ អាចកើតឡើងនៅពេលណា ហើយប្រសិនបើមានវត្តមានរបស់តតិយជន តើសិទ្ធិរបស់គាត់ត្រូវបានការពារយ៉ាងដូចម្តេច និងដើម្បីសម្រេចបាននូវសិទ្ធិនោះ ត្រូវអនុវត្តសិទ្ធិតាមផ្លូវច្បាប់បែបណា។ ក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី បានលើកឡើងនូវគោលនយោបាយ៩ចំណុច ក្នុងនោះគោលនយោបាយទី១ របស់លោកប្រធាន គឺ «ចូលរួមជាមួយរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធ ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់» ដែលគោលនយោបាយនេះស្របនឹងទិសដៅផ្សព្វផ្សាយច្បាប់របស់វិភាគទានច្បាប់។ លោកប្រធាន ក៏បានលើកឡើងបន្ថែមថា វិភាគទានច្បាប់ ជាស្ថាប័នចែករំលែកច្បាប់ផ្នែករដ្ឋប្បវេណីដល់មិត្តនិស្សិតក៏ដូចជាសាធារណជនទូទៅដោយមិនស្វែងរកចំណេញ ហើយជាដៃគូសហការដ៏សកម្មរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបណ្តុះបណ្តាលច្បាប់ពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណីដល់បងប្អូនសហភាតា។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាកន្លងមក គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងវិភាគទានច្បាប់ បានសហការរៀបចំសិក្ខាសាលាលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណី ជាពិសេសនីតិវិធីរដ្ឋប្បវេណី ដែលសុទ្ធសឹងជាប្រធានបទល្អៗ និងមានសារៈសំខាន់ក្នុងការអនុវត្តវិជ្ជាជីវៈមេធាវីរបស់បងប្អូនសហភាតា។ លោកប្រធាន ក៏មានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិភាគទានច្បាប់ ក្នុងការស្វះស្វែងរកអ្នកជំនាញមកធ្វើការចែករំលែកចំណេះដឹងដល់អ្នកច្បាប់ ជាពិសេសមេធាវី ដែលជាផ្នែកមួយក្នុងការចូលរួមលើកកម្ពស់វិបុលភាពនៃវិជ្ជាជីវៈមេធាវីនិងបានលើកទឹកចិត្តឱ្យវិភាគទានច្បាប់បន្តបេសកកម្មមួយនេះជាបន្តទៀត ដើម្បីរួមចំណែកកសាងនីតិរដ្ឋនៅកម្ពុជាតាមរយៈការផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិឈានទៅរកការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយនៃវិស័យច្បាប់នៅកម្ពុជា ហើយអាចយកទៅអនុវត្តការប្រកបវិជ្ជាជីវៈរបស់ខ្លួនបាន ស្របនឹងទិសស្លោករបស់លោកប្រធាន «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី»។ ចុងបញ្ចប់នៃកម្មវិធី លោកមេធាវី ប្រាក់ វណ្ណដា សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលា ហើយលោកមេធាវីលោកជឿជាក់ថា បងប្អូនសហភាតានឹងយល់ច្បាស់ពីយន្តការផ្លូវច្បាប់ទាក់ទងនិង«វត្តមានតតិយជនក្នុងសំណុំរឿងអនុវត្តរក្សាការពារ» និងមានក្តីសង្ឃឹមថា ការបណ្តុះបណ្តាលរួមគ្នារវាងគណៈមេធាវី និងវិភាគទានច្បាប់នឹងផ្តល់ជាផ្លែផ្កាដល់បងប្អូនសហភាតាក្នុងការអនុវត្តវិជ្ជាជីវៈឱ្យបានសមស្របតាមច្បាប់ សំដៅទទួលបានទំនុកចិត្តពីកូនក្តី និងទស្សនៈជាវិជ្ជមានពីសាធារណជនចំពោះវិជ្ជាជីវៈមេធាវី។




Facebook
LinkIn
Twitter
RSS
Google+