កិច្ចប្រជុំស្តីពីការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)
កិច្ចប្រជុំស្តីពីការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)
នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ នារសៀលថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រ បានដឹកនាំប្រតិភូគណៈមេធាវី អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)។ ជាកិច្ចចាប់ផ្ដើម លោកប្រធានបានលើកឡើងអំពីអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ដែលបានចុះកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដោយបានរំលេចពីសកម្មភាពដែលនឹងត្រូវអនុវត្តក្នុងអនុស្សរណៈនេះ ហើយជាលទ្ធផលនៃកិច្ចពិភាក្សា ស្ថាប័នទាំងពីរបានសម្រេច៖
១. គណៈមេធាវី និង AUPP នឹងសហការគ្នារៀបចំសិក្ខាសាលារួមគ្នាលើប្រធានបទដែលជាតម្រូវការជាក់ស្តែងរបស់និស្សិត តាមការពិភាក្សារវាងស្ថាប័នទាំងពីរ។
២. និស្សិតដែលកំពុងសិក្សានៅ AUPP អាចចូលរួមសិក្ខាសាលាដែលគណៈមេធាវីរៀបចំ តាមប្រធានបទជាក់លាក់។
៣. និស្សិត AUPP អាចធ្វើទស្សនកិច្ចសិក្សានៅគណៈមេធាវី ដោយនៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ គណៈមេធាវីនឹងរៀបចំបទបង្ហាញអំពីវិជ្ជាជីវៈមេធាវី ដើម្បីចែករំលែកជាពុទ្ធិដល់និស្សិត ក៏ដូចជា ទស្សនកិច្ចទីស្នាក់ការគណៈមេធាវី។
៤. គណៈមេធាវីស្នើសុំឱ្យពិនិត្យលទ្ធភាពនៃការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងអត្ថប្រយោជន៍បន្ថែមទៀតពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ហើយឈានទៅរកការកែសម្រួលខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់។ ក្រោយពីបានបញ្ចប់កិច្ចប្រជុំ តំណាងសាកលវិទ្យាល័យ បានអញ្ជើញប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចអគារសាកលវិទ្យាល័យ រួមមានសាលរៀបចំសិក្ខាសាលា បន្ទប់សិក្សា និងបន្ទប់សវនាការត្រាប់ជាអាទិ៍។




Facebook
LinkIn
Twitter
RSS
Google+