លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនមេធាវី លីហ្គលត្រាស់ ដឹកនាំដោយលោកមេធាវី សួន ប៊ុនធឿន ចូលជួបសំដែងការគួរសម
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនមេធាវី លីហ្គលត្រាស់ ដឹកនាំដោយលោកមេធាវី សួន ប៊ុនធឿន ចូលជួបសំដែងការគួរសម
នាព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនមេធាវី លីហ្គលត្រាស់ ដឹកនាំដោយលោកមេធាវី សួន ប៊ុនធឿន ចូលជួបសំដែងការគួរសម។ ជាកិច្ចចាប់ផ្តើម លោកមេធាវី សួន ប៊ុនធឿន បានជម្រាបជូនថា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងឱ្យមេធាវី ជំនួយការច្បាប់ និងកម្មសិក្សាការីនៃក្រុមហ៊ុនមេធាវីលីហ្គលត្រាស់ ទទួលបាននូវការចែករំលែកបទពិសោធន៍ ក៏ដូចជាបំណិនផ្សេងៗពីលោកប្រធាន និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី។ ជាការឆ្លើយតប លោកប្រធានបានថ្លែងកោតសរសើរចំពោះលោកមេធាវី សួន ប៊ុនធឿន ដែលមានបំណងឱ្យសហការីទទួលបាននូវការចែករំលែកបទពិសោធន៍ និងចំណេះដឹងពីស្ថាប័នដទៃ ដើម្បីបង្កើនសមត្ថភាព និងអភិវឌ្ឍការងារ។ លោកប្រធាន បានរំលឹកជូនសហការីនៃក្រុមហ៊ុនមេធាវី លីហ្គលត្រាស់ អំពីគុណតម្លៃនៃការអភិវឌ្ឍចំណេះដឹង ស្របតាមគោលនយោបាយរបស់លោកប្រធាន «ចេះគឺជាប់» ដែលបានបញ្ជាក់យ៉ាងច្បាស់តាមរយៈការប្រឡងជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២០ កាលពីពេលថ្មីៗនេះ។ លោកប្រធាន លើកទឹកចិត្តឱ្យប្រធានក្រុមហ៊ុនមេធាវី លីហ្គលត្រាស់ បន្តជម្រុញឱ្យសហការីរបស់ខ្លួន ស្វះស្វែងរកចំណេះដឹងបំពេញបន្ថែម មិនថាតាមរយៈការអនុវត្តផ្ទាល់ក្នុងក្រុមហ៊ុនមេធាវី ការសិក្សាពីស្ថាប័នបណ្តុះបណ្តាលដទៃ ហើយជាពិសេសនោះគឺការបណ្តុះបណ្តាលពិសេសសម្រាប់ជំនួយការ ដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំនាពេលឆាប់ៗនេះ។ ជាចុងបញ្ចប់ លោកប្រធាន បានលើកបន្ថែមទៀតថា សូមឱ្យក្រុមហ៊ុនមេធាវី លីហ្គលត្រាស់ចូលរួមចំណែកដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី ហើយក៏ សូមឱ្យប្អូនៗកម្មសិក្សាការីបន្តខិតខំប្រឹងប្រែងរៀនសូត្រ ហើយចូលរួមការប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ក្រោយៗទៀត ព្រមទាំងជឿជាក់ថា ការប្រឡងនឹងរៀបចំប្រកបដោយសុក្រឹតភាព តម្លាភាព និងយុត្តិធម៌ ស្របគោលនយោបាយរបស់រាជរដ្ឋាភិបាល «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។