គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយនិងថវិកា ឧបត្ថម្ភជូនវីរៈកងទ័ពនៅខេត្តព្រះវិហារ

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយនិងថវិកា ឧបត្ថម្ភជូនវីរៈកងទ័ពនៅខេត្តព្រះវិហារ


កាលពីថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំនិងបុគ្គលិកចំណុះអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសហភាតាជាមេធាវី ចុះសាកសួរសុខទុក្ខបងប្អូនវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួសក្នុងអំឡុងពេលមានការឈ្លានពានទាំងកំរោលពីសំណាក់យោធាថៃតាមព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែក១៦មករា និងមណ្ឌលសុខភាពគូលេន ខេត្តព្រះវិហារ ។ លោកប្រធានគណៈមេធាវី បានគោរពដឹងគុណនិងថ្លែងអំណរគុណដល់បងប្អូនវីរៈកងទ័ពកម្ពុជា ចំពោះវីរភាពនិងឆន្ទៈក្លាហាន មោះមុត ក្រាញននៀល ក្នុងស្មារតីការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដី ដែលរងការឈ្លានពានពីសំណាក់ក្រុមយោធាថៃ ដែលនេះជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់បងប្អូនវីរៈកងទ័ពកម្ពុជា ។ ដើម្បីជាការលើកទឹកចិត្តចំពោះការលះបង់ដ៏ធំធេងនេះ ក្នុងនាមសមរភូមិក្រោយ សហភាតាជាមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រួមនិងសប្បុរស បានរួមចំណែកតាមរយៈគណៈមេធាវី ក្នុងការបរិច្ចាកថវិកានិងសម្ភារៈផ្សេងៗ ដើម្បីគណៈមេធាវីធ្វើការចាត់ចែងនាំយកមកឧបត្ថម្ភជូនដល់បងប្អូនកងទ័ពនៅសមរភូមិមុខ ។ ក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី បានជូនពរឱ្យបងប្អូនជាវីរៈកងទ័ព ឆាប់បានជាសះស្បើយ និងសូមថែរក្សាសុខភាពនិងគោរពតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឆាប់បានត្រលប់ទៅកាន់ផ្ទះសម្បែង ជួបជុំក្រុមគ្រួសារ និងបានបំពេញភារកិច្ចការងាររបស់ខ្លួនវិញ។ គួរបញ្ជាក់ផងដែរថា ក្រៅពីការឧបត្ថម្ភដល់វីរៈកងទ័ព គណៈមេធាវីក៏បានឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែក១៦មករា និងមណ្ឌលសុខភាពគូលេន ដោយសម្ភារៈដែលបានឧបត្ថម្ភមានដូចជា អង្ករ ទឹកសុទ្ធ នំ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ស្កស ប៊ីចេង សាច់ក្រក ត្រីងៀត កន្ទេល មុង ភួយ ក្រម៉ា និងថវិកាមួយចំនួន ។ មុនពេលត្រលប់មករាជធានីភ្នំពេញវិញ ប្រតិភូតិភូគណៈមេធាវី បានធ្វើដំណើរទៅកាន់ទីស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ដែលស្ថិតក្នុងឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ដើម្បីសាកសួរសុខទុក្ខដល់បងប្អូនកម្មករជួសជុលប្រាសាទ ភ្នាក់ងារទេសចរណ៍ និងពលករ ដែលបានជាប់គាំងនៅលើប្រាសាទព្រះវិហារអស់រយៈពេល២យប់ដោយការបាញ់ផ្លោងដោយអាវុធធុនធ្ងន់ពីសំណាក់យោធាថៃ ។ ជាមួយគ្នានេះគណៈមេធាវីក៏បានឧបត្ថម្ភសម្ភារៈនិងថវិកាមួយចំនួនដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីចាត់ចែងតាមតម្រូវការ ។

Y10 526966282 1286185856633966 607346162051118176 n

Y11 528174840 1286187096633842 7744416360397738237 n

Y12 527330684 1286187873300431 2515571513187603364 n

Y13 528023897 1286187906633761 1895538706677581672 n

Y14 528172862 1286187729967112 1673942775608926422 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top