លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
នាថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ក្រោមអធិបតីភាពរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)។ កិច្ចប្រជុំមានគោលបំណង គឺដើម្បីពិនិត្យ និងពិភាក្សាលេីវិធីសាស្រ្ត ឬបច្ចេកទេសនៃការដោះស្រាយវិវាទ សំដៅជំរុញបន្ថែមទៀតនូវសន្ទុះនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក.។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ដែលមានចំនួនសរុបប្រមាណជាង ៩០ រូប។ នៅក្នុងកិច្ចប្រជុំនេះ តំណាងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.បានធ្វើបទបង្ហាញដើម្បីចែករំលែកអំពីបទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងកិច្ចដំណើរការនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងរយៈពេលកន្លងមក។ ទន្ទឹមគ្នានេះ កិច្ចប្រជុំក៏បានធ្វើការពិភាក្សា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការដោះស្រាយវិវាទផងដែរ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំដល់អគ្គលេខាធិការដ្ឋាន និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ឱ្យយកចិត្តទុកដាក់ក្នុងការរក្សា និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ យន្តការនៃ អ.ដ.ក. ដោយត្រូវផ្តោតសំខាន់លេីកិច្ចការចំនួន ៣ គឺ : ទី១៖ បន្តយកចិត្តទុកដាក់ក្នុងការរៀបចំ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទឱ្យបានត្រឹមត្រូវតាមច្បាប់ ធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្ត។ ទី២៖ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទត្រូវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងអនុវត្តការងារប្រកបដោយវិជ្ជាជីវៈខ្ពស់។ ទី៣៖ ត្រូវពង្រឹង និងពង្រីកការផ្តល់សេវាដោះស្រាយវិវាទឱ្យបានកាន់តែទូលំទូលាយ ដោយឆ្ពោះទៅការចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសតំបន់ដែលមានជនជាតិដេីមភាគតិច និងតំបន់ដាច់ស្រយាល។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070