លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលរបស់អនីតិជន»
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលរបស់អនីតិជន»
នារសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលរបស់អនីតិជន» ដែលសហការរៀបចំដោយគណៈមេធាវី និងវិភាគទានច្បាប់ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស គឺលោកស្រីមេធាវី ទេព បូផល និងលោកបណ្ឌិត សោម រតនា និងដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ១៥៩នាក់។ សិក្ខាសាលានេះធ្វើឡើង គឺចង់បង្ហាញអំពី សញ្ញាណទូទៅនៃការទទួលខុសត្រូវផ្អែកលើអំពើអនីត្យានុកូល ជាពិសេសលើកំហុសចេតនា ឬកំហុសអចេតនា ហើយនឹងបង្ហាញអំពីការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលរបស់អនីតិជន ពោលគឺត្រូវមាន លក្ខខណ្ឌអ្វីខ្លះ ដើម្បីឱ្យអនីតិជនទទួលខុសត្រូវ? បើអនីតិជនមិនមែនជាអ្នកដែលត្រូវខុសត្រូវ តើអ្នកណាជា អ្នកទទួលខុសត្រូវចំពោះការខូចខាតរបស់ជនរងគ្រោះ? តើមានករណីដែលអ្នកមានករណីយកិច្ចត្រួតពិនិត្យ អនីតិជន អាចរួចផុតពីការទទួលខុសត្រូវដែរឬទេ? ឆ្លៀតក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី បានថ្លែងជម្រាបអំពីសមិទ្ធផលសំខាន់ៗនៅការប្រជុំ «ពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ក្នុងនោះ ទាក់ទងនឹងវិជ្ជាជីវៈមេធាវី អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏ប្រាប់ឱ្យប្រទេសជាសមាជិកដទៃទៀតយកព្រះរាជាណាចក្រកម្ពុជា ជាគំរូ ដែលសបញ្ជាក់ឱ្យឃើញថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវ ការទទួលស្គាល់ និងវិបុលភាព ក្រោមការដឹកនាំរបស់ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី។ នៅក្នុងសិក្ខាសាលានេះ លោកមេធាវី លី សុខឡាយ សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី ក៏បានអញ្ជើញថ្លែងសុន្ទរកថាបិទនិងបានស្នើឱ្យបងប្អូនមេធាវីបន្តចែករំលែកចំណេះដឹងដែលទទួលបានពីសិក្ខាសាលានេះទៅកាន់បងប្អូនសហភាតាដែលមិនបានចូលរួម លើសពីនេះ គណៈមេធាវីនឹងបន្តខិតខំស្វែងរកអ្នកជំនាញ និងប្រធានបទល្អៗចែកជូនបងប្អូនបន្ថែមទៀត។ ជាចុងក្រោយ លោកមេធាវី លី សុខឡាយ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ក៏បានថ្លែងអំណរគុណដល់បងប្អូនសហភាតាដែលបានចំណាយពេលចូលរួម ជាពិសេស វាគ្មិនកិត្តិយសទាំងពីរដែលបានចែករំលែកបទពិសោធន៍ និងចំណេះដឹង ពេញមួយរសៀល។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070