លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) ដឹកនាំដោយលោក Naoshi Sato ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) ដឹកនាំដោយលោក Naoshi Sato ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) ដឹកនាំដោយលោក Naoshi Sato ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការគណៈមេធាវី គោលបំណងនៃជំនួបនេះ រួមមាន៖
១. សង្ខេបអំពីលទ្ធផលនៃការរៀបចំសិក្ខាសាលារួមគ្នាលើប្រធានបទ «ការរៀបចំចំណុចវិវាទ» ហើយជាលទ្ធផលឃើញថា សិក្ខាសាលានេះ ត្រូវបានរៀបចំយ៉ាងរលូន មានចូលរួមយ៉ាងសកម្មពីសិក្ខាកាម ព្រមទាំងបានទទួលនូវចំណេះដឹងថ្មីៗពីវាគ្មិនកិតិ្តយសទាំងពីររូប
២.ពិនិត្យអំពីលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកចំណេះដឹងនាពេលអនាគត តាមរយៈការរៀបចំសិក្ខាសាលាលើប្រធានបទផ្សេងៗដូចជាអង្គហេតុចម្បង ឬការបកប្រែឯកសារស្រាវជ្រាវដើម្បីជម្រុញឱ្យការស្វែងយល់អំពីបទប្បញ្ញតិ្តក្នុងក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី កាន់តែស៊ីជម្រៅ និងត្រឹមត្រូវ
៣. ពិនិត្យអំពីលទ្ធភាពក្នុងការធ្វើទស្សនកិច្ចសិក្សានៅសហព័ន្ធគណៈមេធាវីជប៉ុន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាស្វែងយល់អំពីការអនុវត្តវិជ្ជាជីវៈមេធាវីរបស់មេធាវីបរទេសនៅប្រទេសជប៉ុន ដើម្បីជាធាតុចូលក្នុងការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ជាចុងក្រោយ លោកប្រធាន បានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ទៅកាន់តំណាងសហព័ន្ធគណៈមេធាវីជប៉ុន ហើយសង្ឃឹមថាស្ថាប័នទាំងពីរនៅតែរក្សាបាននូវទំនាក់ទំនងល្អរវាងគ្នានឹងគ្នា ហើយបន្តជម្រុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។