ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងចូលកាន់តំណែងរបស់ប្រធានគណៈមេធាវី អាណត្តិទី១៥ និងក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១ នៅសហសាលឧត្តមភាពនៃទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រ..
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងចូលកាន់តំណែងរបស់ប្រធានគណៈមេធាវី អាណត្តិទី១៥ និងក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១ នៅសហសាលឧត្តមភាពនៃទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃច័ន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីផ្ទេរ និងចូលកាន់តំណែងរបស់ប្រធានគណៈមេធាវី អាណត្តិទី១៥ និងក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ។ ពិធីនេះប្រារព្ធឡើងនៅ “សហសាលឧត្តមភាព”នៃទីស្នាក់ការគណៈមេធាវី ដោយមានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០និងអាណត្តិទី១១ ថ្នាក់ដឹកនាំនិងបុគ្គលិកនៃអគ្គលេខាធិការគណៈមេធាវី ថ្នាក់ដឹកនាំនិងបុគ្គលិកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ប្រតិភូគណៈមេធាវីប្រចាំរាជធានី ខេត្ត ប្រចាំសាលាឧទ្ធរណ៍តំបន់និងសាលាឧទ្ធរណ៍ភ្នំពេញ និងប្រចាំតុលាការកំពូល ប្រធានគណៈកម្មការជំនាញទាំង៥របស់គណៈមេធាវី ប្រធានគណៈកម្មការនិពន្ធនាយកព្រឹត្តិបត្រមេធាវី និងប្រធាននិងសមាជិកគណៈកម្មការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៥និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ប្រមាណជាង ៣០០នាក់។ នៅក្នុងពិធីនេះ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវីឡើងរាយការណ៍អំពីរចនាសម្ព័ន្ធរបស់គណៈមេធាវី ស្ថានភាពបុគ្គលិកគណៈមេធាវី និងស្ថានភាពហិរញ្ញវត្ថុនិងទ្រ ព្យសម្បត្តិរបស់គណៈមេធាវី លោកមេធាវី នាង បញ្ញា តំណាងក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ ឡើងរាយការណ៍អំពីតួនាទីរបស់ក្រុមប្រឹក្សាគណៈមេធាវី លទ្ធផលការងារ និងចំណាប់អារម្មណ៍លើការដឹកនាំរបស់ប្រធានគណៈមេធាវី លោកមេធាវី សែម ស៊ីនរិន្ទ ឡើងធ្វើចំណាប់អារម្មណ៍និងការប្តេជ្ញាចិត្ត តំណាងបុគ្គលិកគណៈមេធាវី។ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីអាណត្តិទី១៥ ឡើង ធ្វើចំណាប់អារម្មណ៍និងប្តេជ្ញាចិត្ត។ ឯកឧត្តម លី ច័ន្ទតុលាថ្លែងនូវមតិសំណេះសំណាលនិង ប្រគល់លិខិតសរសើរនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងបុគ្គលិកគណៈមេធាវី ប្រតិភូគណៈ មេធាវី ប្រធានគណៈកម្មការទាំង៦របស់គណៈមេធាវី ប្រធាននិងសមាជិកគណៈកម្មការបោះឆ្នោត និង ចុងបញ្ចប់មានពិធីប្រគល់បញ្ជីសារពើភណ្ឌ ប័ណ្ណកម្មសិទ្ធិនៃអគារទាំងពីររបស់គណៈមេធាវីបញ្ជីគណនី និងត្រារបស់គណៈមេធាវីជូនលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីថ្មី ដើម្បីដឹកនាំគណៈមេធាវីបន្ត។ ជាមួយគ្នានេះដែរ ឯកឧត្តម លី ច័ន្ទតុលា បានផ្តល់ជាអនុសាសន៍និងសំណូមពរមួយចំនួនដល់សមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ដើម្បីធានាប្រសិទ្ធភាពនៃការងារដូចខាងក្រោម ៖ ១. ត្រូវគាំទ្រដល់គោលនយោបាយ និងសហការជាមួយប្រធានគណៈមេធាវី ក្នុងទិសដៅលើកកម្ពស់ តម្លៃវិជ្ជាជីវៈ និងឧត្តមប្រយោជន៍ របស់វិជ្ជាជីវៈ។ ២. សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគណៈមេធាវី។ ៣. ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ គិតគូរនិងតម្កល់ផលប្រយោជន៍របស់គណៈមេធាវីជាធំ។ ៤. រាល់កិច្ចប្រជុំនិងការពិភាក្សារបស់ក្រុមប្រឹក្សាគណៈមេធាវី គឺជាការសម្ងាត់។ មានហេតុផលច្រើនណាស់ដែលនាំឱ្យបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគណៈមេធាវីចែងយ៉ាងច្បាស់អំពីការរក្សាការសម្ងាត់នេះ។ ការពិភាក្សានិងការសម្រេចមួយចំនួន គឺមានពាក់ព័ន្ធនឹងកិត្តិយសឬកេរ្ត៍ឈ្មោះរបស់មេធាវី ឈ្មោះអ្នកគាំទ្រឬមិនគាំទ្រ ក៏ដូចជាយុទ្ធសាស្ត្ររបស់គណៈមេធាវីផងដែរ។ រាល់ការផ្សព្វផ្សាយព៌តមានណាមួយទៅតតិយជនគឺត្រូវធ្វើឡើងតាមរយៈយន្តការផ្សព្វផ្សាយរបស់គណៈមេធាវី។ ៥. ត្រូវចូលរួមប្រជុំឱ្យបានទៀងទាត់និងទាន់ពេលវេលា។ ៦. ត្រូវសិក្សា ស្រាវជ្រាវ និងសកម្មនៅក្នុងការជជែក ពិភាក្សា វែកញែក ធ្វើយ៉ាងណាធានាថារាល់ការសម្រេចនីមួយៗរបស់ក្រុមប្រឹក្សាគឺមានហេតុផលត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម ក៏សូមសំណូមពរដល់ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់របស់គណៈមេធាវី គាំទ្រនិងផ្តល់ជំនួយគ្រប់បែបយ៉ាង ដល់ប្រធានគណៈមេធាវីថ្មី និងសមាជិកសមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ នៅក្នុងការបំពេញការងាររបស់ខ្លួន។ ឯកឧត្តមប្រធាន បានចូលរួមអបអរសាទរជាជាមួយប្រធានគណៈមេធាវីអាណត្តិទី១៥ និងបងប្អូនសហភាតាសមាជិកសមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ទាំងអស់ ហើយឯកឧត្តមសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាប្រធាននិងសមាជិកសមាជិកាក្រុមប្រឹក្សាទាំងអស់ នឹងគោរពបានខ្ជាប់ខ្ជួនតាមការសន្យារបស់ខ្លួន ហើយនឹងជួយប្រធានគណៈមេធាវី ដើម្បីសម្រួលនិងពន្លឿនវិធាននិងយន្តការទាំងឡាយដើម្បីភាពជោគជ័យនៃការងារ ដើម្បីបន្តលើក តម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីរបស់យើង ដើម្បីជាឧត្តមប្រយោជន៍នៃវិជ្ជាជីវៈរបស់យើង។




 
			 
						 
						 Facebook
 Facebook LinkIn
 LinkIn Twitter
 Twitter RSS
 RSS Google+
 Google+ Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
 Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.  023 622 7070
 023 622 7070