លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីនិងដឹកនាំប្រតិភូកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ទុន តែងគូ ម៉ៃមុន ប៊ីនទី ទួន ម៉ាត់...
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីនិងដឹកនាំប្រតិភូកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ទុន តែងគូ ម៉ៃមុន ប៊ីនទី ទួន ម៉ាត់ (The Right Honourable Chief Justice Tun Tengku Maimun binti Tuan Mat) ប្រធាននៃសមាគមច្បាប់អាស៊ាន និងជាប្រធានតុលាការកំពូលនៃប្រទេសម៉ាឡេស៊ីព្រមទាំងគណៈប្រតិភូម៉ាឡេស៊ី
នាព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីនិងដឹកនាំគណៈប្រតិភូរបស់ គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ទុន តែងគូ ម៉ៃមុន ប៊ីនទី ទួន ម៉ាត់ (The Right Honourable Chief Justice Tun Tengku Maimun binti Tuan Mat) ប្រធានសមាគមច្បាប់អាស៊ាន និងជាប្រធានតុលាការកំពូលនៃប្រទេសម៉ាឡេស៊ី ព្រមទាំងគណៈប្រតិភូម៉ាឡេស៊ី នៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះ លោកប្រធាន បានថ្លែងអំណរគុណដល់លោកជំទាវនិងគណៈប្រតិភូ ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំសកម្មភាពនានារបស់សមាគមច្បាប់អាស៊ាន។ ជាមួយគ្នានោះ លោកប្រធានក៏បានជម្រាបជូនគណៈប្រតិភូ អំពីវឌ្ឍនភាព និងទិសដៅការងារ រួមទាំងចក្ខុវិស័យរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ាន កម្ពុជា។ លោកប្រធានក៏បានបញ្ជាក់បន្ថែមពីការគាំទ្រនិងត្រៀមខ្លួនជាស្រេច របស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដើម្បីចូលរួមកិច្ចការនានារបស់សមាគមច្បាប់អាស៊ាន ក្នុងនោះលោកប្រធានបានបញ្ជាក់អំពីការគាំទ្រលើការបង្កើតក្រុមការងារជំនាញស្រ្តីក្នុងវិស័យច្បាប់ ការចូលរួមវគ្គបណ្តុះបណ្តាលរបស់សមាគមច្បាប់អាស៊ាន ដែលជាគំនិតផ្តួចផ្តើមថ្មី ដែលត្រូវបានបង្កើតឡើងដោយលោកជំទាវ ក្នុងអាណត្តិដឹកនាំរបស់លោកជំទាវ។ លើសពីនេះ លោកប្រធានក៏បានបញ្ជាក់ពីការត្រៀមខ្លួនចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៦ របស់សមាគមច្បាប់អាស៊ានដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ នៅសិង្ហបុរី និងមានឆន្ទៈក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល។ ក្នុងជំនួបនេះលោកប្រធានក៏បានបញ្ជាក់ជូនគណៈប្រតិភូ ពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រ និងឧបត្ថម្ភដល់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា (សមាជិកសុទ្ធតែជាអ្នកប្រកបវិជ្ជាជីវៈច្បាប់) ដើម្បីទទួលបានឱកាសក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការងារអភិវឌ្ឍ និងការងារកំណែទម្រង់ វិស័យច្បាប់នៅកម្ពុជា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរដោយបើកចំហរនូវទស្សនវិស័យ និងចែករំលែកព័ត៌មានអំពីការឆ្ពោះទៅមុខរបស់សមាគមច្បាប់អាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ក្រោមក្របខណ្ឌរបស់សមាគមច្បាប់អាស៊ាន។ កិច្ចជំនួបខាងលើបានបញ្ចប់ទៅប្រកបដោយមិត្តភាព ជោគជ័យ និងផ្លែផ្កា៕