|
សុន្ទរកថា ឯកឧត្តម ជីវ សុងហាក់ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទវគ្គមេធាវីជំនាន់ទី៩ និងបើកវគ្គមេធាវីជំនាន់ទី១០ |
|
|
|
|
ថ្ងៃច័ន្ទ ទី24 ខែឧសភា ឆ្នាំ2010 ម៉ោង 13:47 |
|
(រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១០)
-
សូមគោរព ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
-
សូមគោរពឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាទីគោរព
-
សមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវី សមាជិក សមាជិកាគណៈមេធាវី សាស្រ្តាចារ្យ បុគ្គលិក និងសិស្សមេធាវីជំនាន់ទី៩ និងទី១០ ជាទីមេត្រី
ថ្ងៃនេះជាទិវាប្រកបដោយសេចក្តីសោមន្សរីករាយក្រៃលែង ដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានមហាកិត្តិយសដ៏ ឧត្តុង្គឧត្តម បានធ្វើបដិសណ្ឋារកិច្ចប្រកបដោយអត្ថន័យជ្រាលជ្រៅ ចំពោះឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋ មន្រ្តី ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃ អញ្ជើញមកចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី «ប្រគល់វិញ្ញាបនបត្រ សម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី៩ ចំនួន៣៤នាក់ និងបើកវគ្គសិស្សមេធាវី ជំនាន់ទី១០ចំនួន ៣៩ នាក់ ។
ជួសមុខឲ្យក្រុមប្រឹក្សា សមាជិក សមាជិកា គណៈមេធាវីទាំងមូល នាយកមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បុគ្គលិក សាស្រ្តាចារ្យ និងសិស្សមេធាវី ដែលត្រូវទទួលវិញ្ញាបនបត្រជំនាន់ទី៩ និងសិស្សមេធាវីវគ្គថ្មីជំនាន់ទី១០ទាំងអស់ ខ្ញុំសូមសំដែងនូវគារវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណ កតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ឯក ឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដែលបាន អញ្ជើញមកផ្តល់កិត្តិយស និងលើកទឹកចិត្ត យ៉ាងកក់ក្តៅបំផុត ដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺសិស្សមេធាវីជ័យលាភីទាំងអស់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃនេះ ។ គណៈអធិបតីជាទីគោរព !
ឆ្លៀតឱកាសនេះ ខ្ញុំសូមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ធ្វើសេចក្តីរាយការណ៍អំពីប្រវត្តិ និងសកម្មភាពគណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដូចតទៅ ៖
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងតាមច្បាប់ស្តីពីលក្ខន្តិកៈ មេធាវីដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៨៩៥/០៦ ចុះថ្ងៃទី ២២ ខែ សីហា ឆ្នាំ ១៩៩៥ ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គឺជាអង្គការប្រមូលផ្តុំមេធាវីទាំងអស់ដែលតាំងការិយាល័យនៅក្នុង ព្រះរាជាណាចក្រកម្ពុជា មេធាវីម្នាក់ៗត្រូវជាសមាជិកពេញសិទ្ធិនៃគណៈមេធាវី ក្រោយពីបានចុះឈ្មោះក្នុងបញ្ជីគណៈមេធាវី។ វិជ្ជាជីវៈមេធាវីជាវិជ្ជាជីវៈ ឯករាជ្យ សេរី ដែលចូលរួមបម្រើវិស័យយុត្តិធម៌ វិជ្ជាជីវៈមេធាវីប្រព្រឹត្តទៅបានតែក្នុងក្របខ័ណ្ឌនៃគណៈមេធាវី ។ បច្ចុប្បន្នគណៈមេធាវីមានសមាជិកសរុបចំនួន ៧១២នាក់ ប្រុសចំនួន៥៩០នាក់ ស្រីចំនួន១២២នាក់ ក្នុងនោះមេធាវីកំពុងប្រកបវិជ្ជាជីវៈចំនួន ៥៤៧នាក់ មេធាវីសុំមិនប្រកបវិជ្ជា ជីវៈចំនួន ២៦នាក់ មេធាវីនៅក្រៅបញ្ជីចំនួន៤១នាក់ មេធាវីកម្មសិក្សាចំនួន៧២នាក់ មេធាវីដែលបានលប់ឈ្មោះចេញពីបញ្ជីចំនួន ២៦នាក់ ។
គណៈមេធាវីមានចក្ខុវិស័យ ចូលរួមបម្រើវិស័យយុត្តិធម៌អភិវឌ្ឍន៍នីតិរដ្ឋ ការពារសិទ្ធិមនុស្ស លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារសេរី កសាងតម្លៃសីលធម៌ សន្តិសុខសង្គម និងសន្តិភាពផ្លូវចិត្តរបស់មេធាវី និងសាធារណជន និងមានបេសកម្ម ជាអ្នកគ្រប់គ្រង និងត្រួតពិនិត្យវិជ្ជាជីវៈច្បាប់ ជួយប្រជាពលរដ្ឋក្រីក្រដែលងាយរងគ្រោះ ធ្វើការអប់រំដល់សិស្សមេធាវី និងមេធាវីកំពុងប្រកបវិជ្ជាជីវៈ ចូលរួមក្នុងដំណើរការព្រាងច្បាប់ ធ្វើការផ្សព្វផ្សាយច្បាប់ដល់សាធារណជន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលនយោបាយកែ ទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងផ្សារភ្ជាប់ជាមួយសហគមន៍ និងស្ថាប័នវិជ្ជាជីវៈអន្តរជាតិ។
គណៈមេធាវីមានរចនាសម្ព័ន្ធ ប្រធាន ក្រុមប្រឹក្សាគណៈមេធាវី អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គហេរិញ្ញឹក នាយកដ្ឋានការពារក្តីជូនជនក្រីក្រ នាយកដ្ឋានអធិការដ្ឋានកិច្ច នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នាយកដ្ឋានទំនាក់ទំនងជាតិ អន្តរជាតិ និង បោះពុម្ពផ្សាយ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី គណៈកម្មការជំនាញ ៣ គឺគណៈកម្មការកិច្ចការរដ្ឋប្បវេណី គណៈកម្មការកិច្ចការព្រហ្មទណ្ឌ និងគណៈកម្មការកិច្ចការពាណិជ្ជកម្ម និងក្រុមប្រឹក្សាផ្តល់យោបល់ ។
គណៈមេធាវីបានពង្រឹងសមត្ថភាពដល់សមាជិក សមាជិកា តាមរយៈការអប់រំបន្តអំពីច្បាប់ និងនីតិវិធីថ្មីៗ ព្រមទាំងសីលធម៌វិជ្ជាជីវៈ បានរៀបចំបោះពុម្ភផ្សាយព្រឹត្តិបត្រមេធាវីរៀងរាល់៣ខែម្តង និងរៀបចំឲ្យមានគេហទំព័ររបស់គណៈមេធាវី និងស៊ីឌីកម្មវិធីកម្រងអត្ថបទលិខិតបទដ្ឋានគតិយុត្ត បញ្ជីមេធាវី ដើម្បីបំរើដល់តម្រូវការរបស់សមាជិក និងសាធារណជន បានរៀបចំផែនការយុទ្ធសាស្រ្ត កាលវិភាគច្បាស់លាស់លើប្រធានបទដែលត្រូវធ្វើការអប់រំបន្ត ប្រចាំឆ្នាំនីមួយៗ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិការៀងរាល់ឆ្នាំដល់គណៈមេធាវី ដើម្បីប្រើប្រាស់ក្នុងការការពារក្តីជូនជនក្រីក្រនៅក្នុងក្រប ខ័ណ្ឌទូទាំងប្រទេសចំនួន ២០០លានរៀល។ ហើយនៅឆ្នាំ២០០៩ កន្លងមកនេះ នាយកដ្ឋានការពារក្តីជូនជនក្រីក្របានទទួលសំណុំរឿង និងបានបញ្ជូនមេធាវីទៅការពារសរុបចំនួន ៨០២ ករណី ដែលមានកូនក្តី សរុបចំនួន ១១១០នាក់ ក្រោមការទទួលខុសត្រូវពីមេធាវីចំនួន០៩(ប្រាំបួន)រូប ។
មជ្ឈ មណ្ឌលបណ្តុះបណ្តាល និងសុក្រិតការវិជ្ជាជីវៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាបានបង្កើតឡើងតាមអនុក្រឹត្យលេខ ៩៣អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០១ ស្របទៅតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងត្រូវបានប្តូរឈ្មោះទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មេធាវីតាមអនុក្រឹត្យលេខ ១៣០អនក្រ.បក ចុះថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០៨។ គិតមកទល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលបានធ្វើការបណ្តុះបណ្តាលសិស្សមេធាវីបានចំនួន ៧ ជំនាន់ដែលសរុបមានមេធាវីចំនួន ៣៥៩ រូប ក្នុងនេះមេធាវីជាស្ត្រី ចំនួន ៨៦ រូប។
ក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាបានខិតខំគ្រប់គ្រងដឹកនាំមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ឲ្យដំណើរការដោយរលូន។ លើកិច្ច ដំណើរការ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ត្រូវបានទទួលការដឹកនាំផ្នែកបច្ចេកទេសដោយផ្ទាល់ពីក្រុម ប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងផ្នែករដ្ឋបាលដោយ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ទន្ទឹមនេះផ្នែកធនធានហិរញ្ញវត្ថុ ត្រូវបានផ្គត់ផ្គង់ដោយ រាជរដ្ឋាភិបាល តាមរយៈកញ្ចប់ថវិការរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការសម្រាប់ ឧបត្ថម្ភសិស្សមេធាវី និងពីគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពីប្រភពផ្សេងៗទៀត ។
ដោយឡែក គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួយឧបត្ថម្ភពីដៃគូអភិវឌ្ឍន៍អន្តរជាតិ និងកំពុងធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារសហប្រ តិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ដើម្បីបន្តជួយដល់គណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី សម្រាប់ឆ្នាំក្រោយៗទៀត នឹងជួយសាងសង់អគាររដ្ឋបាលគណៈមេធាវី នៅលើទីតាំងដីជាកម្មសិទ្ធិរបស់គណៈមេធាវីនៅរាជធានីភ្នំពេញ និងអាចឈានទៅសាងសង់អគារគណៈមេធាវីនៅតាមខេត្តទូទាំងប្រទេស។ ចំណែក USAID UNICEF មេធាវីគ្មានព្រំដែនរបស់ប្រទេសបារាំង បានព្រមព្រៀងគ្នាជួយដល់គណៈមេធាវី លើផ្នែករដ្ឋបាល ផ្នែកការពារក្តីជូនជនក្រីក្រ ផ្នែកព័ត៌មានវិទ្យា ការបោះពុម្ពផ្សាយ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ពីដើមឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៣។
ទន្ទឹមនឹងនេះ ដើម្បីបម្រើផលប្រយោជន៍ជួយដល់មេធាវី ដែលមានជម្ងឺ ចាស់ជរា មិនអាចប្រកបវិជ្ជាជីវៈ និងបានទទួលមរណភាព គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាបានបង្កើតជាមូលនិធិសុវត្ថិភាពគណៈ មេធាវី តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវី ហើយខ្លួនខ្ញុំផ្ទាល់បានស្ម័គ្រចិត្តបង់ប្រាក់បញ្ចូលក្នុងមូល និធិនេះចំនួន ១០.០០០ដុល្លារអាមេរិករួចហើយ ក្រោយពីបានជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណតិ្តទី ៧ មក។ ទាំងនេះបង្ហាញឱ្យឃើញថា គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាបានខិតខំបំពេញ តាមតួនាទី ភារកិច្ច បំរើសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងបានរួមចំណែក ក្នុងសង្គមជាតិ លើវិស័យកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោមការចូលរួមសហការឧបត្ថម្ភពី សមាជិកគណៈមេធាវី ពីដៃគូជាតិ ដៃគូអន្តរជាតិ និងជាពិសេសពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
អង្គពិធីទាំងមូលជាទីមេត្រី !
ជាថ្មីម្តងទៀត តាងនាមឲ្យអង្គពិធីទាំងមូល និង ក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយបំផុត និងសូមស្វាគមន៍នូវមតិសំណេះសំណាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដែលនឹងផ្តល់ជូនដល់អង្គពិធីទាំងមូលដើម្បីជាត្រីវិស័យក្នុង ការដឹកនាំកិច្ចអភិវឌ្ឍន៍ជារួម និងដោយឡែក ដល់ការងារបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីឲ្យកាន់តែប្រសើរឡើង នៅពេលបន្តិចទៀតនេះ។
គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានខំប្រឹងប្រែងធ្វើការអប់រំដល់សិស្សមេធាវីគ្រប់ជំនាន់ និងសមាជិកគណៈមេធាវីទាំងអស់ ឲ្យពួកគេក្លាយខ្លួនទៅជាមេធាវីល្អ មានសមត្ថភាព ហើយសំខាន់នោះពួកគេត្រូវចងចាំថា ពួកគេមិនគ្រាន់តែត្រូវមានចំណេះដឹងផ្នែកច្បាប់ប៉ុណ្ណោះទេ តែត្រូវមានសីលធម៌ ភាពស្មោះត្រង់ចំពោះអតិថិជន តស៊ូមតិតាមផ្លូវច្បាប់ ដើម្បីអោយអតិថិជនរបស់ខ្លួនមានទំនុកចិត្ត និងការគោរព។ ឆ្លៀតឱកាសនេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបាន ផ្តល់ដីទំហំ ២៥០០m2សម្រាប់សាងសង់អគាររដ្ឋបាលគណៈមេធាវី និង ដៃគូជាតិ អន្តរជាតិ ពិសេសអង្គការ JICA សហព័ន្ធគណៈមេធាវីប្រទេសជប៉ុន កាណាដា USAID UNICEF និងមេធាវីគ្មានព្រំដែនប្រទេសបារាំង ដែលបានចូលរួមចំណែកជួយឲ្យការបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីបាន ដំណើរការដោយជោគជ័យ ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុម័តច្បាប់ស្តីពីការប្រឆាំងនឹងអំពើពុករលួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានខំប្រឹងប្រែងតាក់តែងឡើង ហើយត្រូវបានរដ្ឋសភាអនុម័តនាពេលថ្មីៗកន្លងមកនេះ ។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយសេចក្តីសុខចម្រើន និងទទួលបានជោគជ័យ គ្រប់ប្រការ
សូមប្រសិទ្ធពរ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវី លោក លោកស្រីជាភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, លោក លោកស្រីអ្នកនាងកញ្ញា ជាសិស្សមេធាវីទាំងពីរជំនាន់ ទទួលបានជ័យជំនះ ក្នុងការបំពេញភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ!
|