ការចូលជួបសម្តែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី

នៅវេលាម៉ោង ៤ រសៀល នាថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យ  លោកមេធាវី​ សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី អគ្គលេខាធិការ អគ្គលេខាធិការរងគណៈមេធាវី ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋចំការមន។

ទន្ទឹមនឹងនេះ លោកមេធាវី សួន វិសាល ក៏បានរាយកាណ៍ជូន សម្តេចវិបុលសេនាភក្តី ផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈមេធាវីក្នុងការជួយការពារក្តីជូនជនក្រីក្រដោយឥតយកកម្រៃ។

ឆ្លើយតបទៅនឹងសកម្មភាពយ៉ាងសកម្ម និងជោគជ័យរបស់គណៈមេធាវីក្នុងអាណត្តិទី១១នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានសម្តែងនូវការគាំទ្រនិងជំរុញឱ្យគណៈមេធាវីបន្តកិច្ចការងារទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងបុព្វហេតុសង្គម បុព្វហេតុជាតិ និងមាតុភូមិនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចបានចូលរួមចំណែកថវិកាចំនួន ៥០ លានរៀលជូនគណៈមេធាវីដើម្បីចាត់ចែង និងប្រើប្រាស់ជាប្រយោជន៍សង្គម។ ទន្ទឹមនឹងនេះ សម្តេចវិបុលសេនាភក្តី បានមានប្រសាសន៍គាំទ្រមហាសន្និបាតគណៈមេធាវីលើកទី២២ ដែលនឹងគ្រោងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។

ឆ្លើយតបទៅនឹងទឹកចិត្តដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ  លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យសមាជិក-សមាជិកាគណៈមេធាវីទាំងអស់ បានគោរពថ្លែងអំណរគុណចំពោះ សម្តេចវិបុលសេនាភក្តី និងបានប្តេជ្ញាចិត្តបន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាអង្គនីតិប្បញ្ញត្តិ ក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងតុលាការ។

ជំនួបសម្តែងការគួរសមនេះបានបញ្ចប់នៅវេលាម៉ោង ៥ ល្ងាចនាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាស រីករាយនិងសណ្តោសប្រណីបំផុតពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី។ 

28sept001

28sept002

28sept003

add frame28sept

FULL ORG